Monday, 16 January 2017 16:16

យុវតី ខ្មែរពិតជាមិនធម្មតា! ចរិយាល្អហើយ រេៀនបាននិទ្ទេសAទៀត

ស្ថិតនៅក្នុងវ័យ១៨ ឆ្នាំ យុវតីវ័យក្មេងសម្បុរសស្អាត រ៉ាវ៉ាន់ វិចថូរី បានចាប់កំណើត នៅក្នុង គ្រួសារមួយ ដែលមានឪពុកម្ដាយជាអាជីវករលក់ដូរក្រណាត់ប៉ាក់ នៅក្នុងផ្សារទំនើបសូរិយា ក្រោមស្លាកយីហោ គន្ធាខត្ដិយាតី ព្រមទាំងមានបងប្អូន តែពីរនាក់ នៅក្នុងគ្រួសារហើយវិចថូរីគឺជាកូនស្រីពៅ។ យុវតីរូបនេះ បើទោះបីជាកើតក្នុងត្រកូលដែលមានជីវភាពធូរធារ នៅក្នុងរាជធានីភ្នំពេញក្ដី ក៏រូបនាងរក្សាបាននូវចរិយាមារយាទរម្យទមសមសួន ដូចសំពត់ក្នុងផ្នត់ដែលយុវតីវ័យក្មេងនៅក្នុងសង្គមខ្មែរយើង គួរត្រាប់តាមគំរូដ៏ល្អនេះ។លោក តាន់ វាសនា ដែលត្រូវជាឪពុករបស់យុវតីខាងលើ បានប្រាប់ឲ្យដឹងថា បុគ្គលិកលក្ខណៈដ៏ល្អនេះ គឺសម្រេចបានពីវិន័យនៅក្នុងគ្រួសារ ព្រមទាំងឱវាទទូន្មានប្រៀនប្រដៅរបស់ឪពុកម្ដាយជាពិសេសលោកតារបស់នាង ដែលជាអតីតសាស្ដ្រាចារ្យគរុកោសល្យនៅសាលាគរុកោសល្យអូបែកក្អម។ វិចថូរី ធំធាត់នៅក្នុងគ្រួសារមួយ ដែលប្រកាន់ខ្ជាប់នូវរបៀបវិន័យយ៉ាងម៉ត់ចត់ ក្រោមការគ្រប់គ្រងដ៏ត្រឹមត្រូវរបស់ឪពុកម្ដាយ និងលោកតា ដែលជាចាស់ព្រឹទ្ធាចារ្យ ដែលចាត់ទុកភាពថ្លៃថ្នូនៃវប្បធម៌ប្រពៃណីជាធំ ព្រមទាំងបានហាត់ពត់លត់ដុំឲ្យ វិចថូរី ក្លាយជាក្មេងស្រី ដែលមានអាកប្បកិរិយាមារយាទថ្លៃថ្នូរ សមជានារីខ្មែរ ស្របតាមក្រមសីលធម៌ជាស្ដ្រីមួយអន្លើដែលមានចែងនៅក្នុងក្បួនតម្រាលខ្មែរ។ យុវតីរូបនេះចូលចិត្តការសិក្សា និងការអប់រំចិត្ដនិងកាយតាំងពីក្មេង ដោយរូបនាងតែងតែចំណាយពេលវេលាភាគច្រើន ទៅលើការអានសៀវភៅដើម្បីក្រេបជញ្ជក់យកចំណេះដឹង ពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ក្នុងនោះនាងជ្រើសរើសសៀវភៅអានភាគច្រើន គឺជាសៀវភៅអប់រំ និងសៀវភៅអក្សរសិល្ប៍ជាភាសាជាតិ និងភាសាអង់គ្លេស។បើទោះបីជាយុវជន យុវតីសម័យបច្ចុប្បន្នភាគច្រើន ត្រូវបានអូសទាញឲ្យញៀននឹងភាពទំនើប នៃសម្ភារៈនាពេលចុងក្រោយនេះដូចជា ទូរស័ព្ទ ឬឧបករណ៍ទំនាក់ទំនងក្នុងសង្គមផ្សេងៗក្ដី ក៏ វិចថូរី មិនត្រូវបានអនុញ្ញាតឲ្យមានទូរស័ព្ទផ្ទាល់ខ្លួន សម្រាប់ទំនាក់ទំនងទៅមិត្ដភក្ដិឬបុគ្គលផ្សេងៗដែលនាំឲ្យមានការភ្លើតភ្លើន ខូចទំនៀមជាមនុស្សស្រីឡើយ។ដោយការស្រឡាញ់ប្រកបដោយភាពមេត្ដាត្រាប្រណី និងប្រាថ្នាឲ្យ វិចថូរី ក្លាយជាក្មេងស្រីល្អ នៅក្នុងគ្រួសារ និងសង្គមជាតិ ឪពុកម្ដាយ និងលោកតារបស់នាងបានកំណត់សេរីភាពនៃការដើរហើរដោយពុំអនុញ្ញាតឲ្យនាងដើរលេងទៅណាមកណា តាមទំនើងចិត្ដនោះឡើយ។លោក តាន់ វាសនា លើកឡើងអំពីបំណងប្រាថ្នាចង់ដើរលេងរបស់កូនស្រីលោកថា នាវេលាថ្ងៃមួយ កាលពី វិចថូរី រៀននៅថ្នាក់ទី ៩ សាច់ញាតិរបស់លោកនៅបរទេស បានមកលេងស្រុកខ្មែរ ហើយក្រោយពេលមកលេងស្រុកខ្មែរបានប៉ុន្មានថ្ងៃ ពួកគាត់មានបំណងទៅដើរលេងកម្សាន្ដនៅខេត្ដព្រះសីហនុ។ នារាត្រី មុនថ្ងៃនៃការធ្វើដំណើរកម្សាន្ដទៅខេត្ដព្រះសីហនុ វិចថូរី បានសុំការអនុញ្ញាតពីលោកយាយ និងលោកតារបស់នាងដើម្បីបានទៅដើរលេងជាមួយសាច់ញាតិរបស់នាងប៉ុន្ដែលោកទាំងពីរ បានប្រកែកដាច់ណាត់ ដោយពុំផ្ដល់ការអនុញ្ញាតឲ្យនាងបានដើរលេងដូចបំណងឡើយ។ដោយទាល់តម្រិះ នាយប់នោះ យុវតីរូបនេះ បានទាញក្រដាសនិងប៊ិចមកតែងនិពន្ធជាកំណាព្យប្រកបដោយមនោសញ្ចេតនានៃការគោរពស្រឡាញ់ចំពោះលោកទាំងពីរព្រមទាំងរៀបរាប់អំពីបំណងប្រាថ្នានៃការចង់ដើរលេងរបស់ខ្លួនផងដែរ។ពេលតែងនិពន្ធចប់ នាងបានរក្សាទុកនូវអត្ថបទកំណាព្យនោះយ៉ាងមានរបៀបរៀបរយ លុះព្រឹកឡើង នៅពេលដែលលោកយាយនិងលោកតា ព្រមទាំងសាច់ញាតិនិងឪពុកម្ដាយមកជួបជុំគ្នា នាងបានយកអត្ថបទកំណាព្យនោះមកអាន នៅចំពោះមុខអ្នករាល់គ្នា។ អ្វីដែលនឹកស្មានមិនដល់ ខ្លឹមសារនៃអត្ថបទកំណាព្យនោះបានធ្វើឲ្យលោកតាលោកយាយរបស់នាង រំភើបក្ដុកក្ដួលក្នុងចិត្ដរហូតទប់ទឹកភ្នែកមិនជាប់ព្រមទាំងជាមន្ដស្នេហ៍បន្ទន់ចិត្ដលោកទាំងពីរឲ្យកាន់តែអាណិតស្រឡាញ់រូបនាង ព្រមអនុញ្ញាតឲ្យនាងបានដើរលេងកម្សាន្ដ ជាមួយនឹងសាច់ញាតិក្នុងពេលនោះ។ ស្ដាប់ទៅ របៀប និងវិន័យតឹងតែង នៅក្នុងគ្រួសាររបស់ វិចថូរីហាក់បីដូចជាដាក់សម្ពាធទៅលើរូបនាង ប៉ុន្ដែបើយើងគិតឲ្យបានជ្រាលជ្រៅទៅក្រឹត្យក្រមនេះ បានធ្វើឲ្យនាងក្លាយជាក្មេងស្រី ចេះស្ដាប់បង្គាប់ឪពុកម្ដាយ និងចាស់ទុំព្រមទាំងមានចរិយាមារយាទថ្លៃថ្នូរ ដែលនាំមកនូវកិត្តិយសល្អសម្រាប់រូបនាងផ្ទាល់ និងក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ ការគោរពវិន័យ និងក្រឹត្យក្រមនេះ បានធ្វើឲ្យនាងក្លាយសិស្សរៀនពូកែ រហូតប្រឡងជាប់និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅនេះ។វិចថូរី ទទួលបានការសិក្សាល្អតាំងតូចក្រោមការឧបត្ថម្ភជ្រោមជ្រែងរបស់ឪពុកម្ដាយ និងការជួយបង្ហាត់បង្រៀនពីសំណាក់លោកតារបស់នាង។ ទោះជាយ៉ាងណា មុនការប្រឡងបាក់ឌុបយុវតីរូបនេះ ជួបការលំបាកមែនទែននៅក្នុងការៀនជាភាសាខ្មែរ ពីព្រោះតាំងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ៨នាងត្រូវបានបង្រៀនគ្រប់មុខវិជ្ជាជាភាសាអង់គ្លេស នៅសាលាអន្តរជាតិ LOGOS ។ ដូច្នេះ នៅពេលនាង ប្ដូរមករៀនថ្នាក់វិទ្យាល័យនៅសាលាអន្តរជាតិ Zaman ចាប់ពីថ្នាក់ទី៩ ទៅ រូបនាងបានខិតខំប្រឹងប្រែងរៀន ដោយជួលគ្រូមកបង្រៀនភាសាខ្មែរដល់ផ្ទះដើម្បីឲ្យចេះអាននិងសរសេរភាសាខ្មែរបានស្ទាត់ជំនាញ។ លើសពីនេះទៀត ចាប់ពីថ្នាក់ទី ១១នាងបានជួលគ្រូមកបង្រៀនបំប៉នលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ព្រមទាំងបានរៀនបំប៉នបន្ថែមនូវមុខវិជ្ជាជីវវិទ្យាមួយមុខទៀត ចាប់ពីដើមឆ្នាំនៃថ្នាក់ទី ១២ ដើម្បីត្រៀមប្រឡងបាក់ឌុប។ នាងថា កាលប្ដូរមកសិក្សានៅសាលាអន្តរជាតិ Zaman ដំបូង នាងជួបការលំបាកមែនទែន ដោយសារតែនាងពុំចេះអក្សរខ្មែរបានស្ទាត់ជំនាញនោះទេដែលមិនអាចយល់នូវការពន្យល់របស់គ្រូបានសព្វគ្រប់និងតែងតែសាកសួរគ្រូជាច្រើនលើកច្រើនសារ។ រយៈពេលរៀននៅសាលា Zaman ដំបូងរូបនាងមិនត្រូវបានទទួលស្គាល់ថាជាសិស្សរៀនបានលេចធ្លោ និងមានសមត្ថភាពនោះទេប៉ុន្ដែដោយសារតែនាងខិតខំសិក្សារៀនសូត្រ នៅផ្ទះខ្លួនឯងរៀនគួរបន្ថែមជាមួយគ្រូ និងទទួលបានការបង្ហាត់បង្រៀនពីលោកតារបស់នាងផងនោះ ទើបនាងរៀនបានចំណាត់ថ្នាក់លេខ ១ ប្រចាំថ្នាក់ ចាប់តាំងពីថ្នាក់ទី ៩ រហូតដល់ថ្នាក់ទី ១០ និងទទួលបានចំណាត់ថ្នាក់លេខ ១ ប្រចាំសាលា នៅថ្នាក់ទី ១១ ផងដែរ។នៅពេលសាកសួរថា តើ វិចថូរី ត្រូវត្រៀមខ្លួនបែបណា សម្រាប់ការប្រឡងបាក់ឌុប យុវតីរូបនេះនិយាយថា សិស្សម្នាក់ៗត្រូវតែទទួលស្គាល់ខ្លួនឯងថា ខ្លួនពូកែលើមុខវិជ្ជាអ្វី ឬខ្សោយលើមុខវិជ្ជាអ្វី ចំណែករូបនាងផ្ទាល់ នាងគិតថា នាងខ្សោយភាសាខ្មែរ និងមេរៀនណាដែលទាមទារឲ្យមានការទន្ទេញ អ៊ីចឹងនាងត្រូវខិតខំរៀនដើម្បីបំពេញនូវចំណុចខ្វះខាតទាំងនេះ។ តួយ៉ាងដូចជា គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា គឺនាងរៀនគួរនៅផ្ទះស្រាប់ហើយដូច្នេះនាងត្រូវកាត់បន្ថយពេលសិក្សាលើមុខវិជ្ជាទាំងនេះ ហើយផ្ដោតការយកចិត្ដទុកដាក់បន្ថែម លើការសិក្សាមុខវិជ្ជាផ្សេងទៀតដូចជាភាសាខ្មែរ ប្រវត្តិវិទ្យា ផែនដីវិទ្យា និងភូមិវិទ្យាដើម្បីត្រៀមសម្រាប់ការប្រឡង។ សិស្សពូកែម្នាក់នេះ មានកត្ដាជំរុញលើកទឹកចិត្ដសំខាន់ៗ ក្នុងការធ្វើឲ្យនាងក្លាយខ្លួនជាសិស្ស ដែលលេចធ្លោរនៅក្នុងថ្នាក់រៀន និងប្រលងជាប់និទ្ទេស A។ នាងបានប្រាប់ឲ្យដឹងថា កត្ដាដ៏សំខាន់បំផុត នៅក្នុងចិត្ដរបស់នាង ដែលតែងតែជាកម្លាំងជំរុញឲ្យនាង ខិតខំរៀនសូត្រមិនខ្លាចនឿយហត់ គឺកត្ដាគ្រួសារ ជាពិសេសគឺលោកតារបស់នាងតែម្ដងដោយលោកតែងជួយបង្រៀន និងទូន្មានប្រៀនប្រដៅនូវឱវាទល្អៗដល់នាង។ម្យ៉ាងទៀត គឺពុកម្ដាយរបស់នាង ដែលលោកតែង ជួយឧបត្ថម្ភជ្រោមជ្រែង និងខិតខំស្វែងរកទ្រព្យសម្បត្តិ ដើម្បីផ្គត់ផ្គង់ការសិក្សារបស់នាង ដូច្នេះនាងត្រូវខំរៀនដើម្បីឲ្យពួកគាត់សប្បាយចិត្ដ ដែលជាផ្នែកមួយនៃការតបស្នងសងគុណ។ ទី ២ គឺកត្ដាសាលារៀនដោយលោកគ្រូអ្នកគ្រូ នៅសាលាអន្ដរជាតិ Zaman តែងខិតខំបង្រៀន និងលើកទឹកចិត្ដឲ្យប្រឹងប្រែងរៀនសូត្រ ម្យ៉ាងទៀតថ្នាក់គ្រប់គ្រងសាលា តែងបង្កើតកម្មវិធីប្រកួតប្រជែងដើម្បីជ្រើសរើសសិស្សពូកែដែលជាកត្ដាជំរុញលើកទឹកចិត្ដឲ្យសិស្សខំរៀនសូត្រ។ចំពោះឆន្ទៈសម្រេចបាននូវភាពជោគជ័យរបស់នាងក្នុងការសិក្សាវិចថូរី បានប្រាប់ឲ្យដឹងថា៖ ខ្ញុំចង់ឲ្យមានកត្ដិយសដល់គ្រួសារ និងខ្លួនឯងផ្ទាល់។ ខ្ញុំចង់រៀនឲ្យពូកែ ដើម្បីពេលរៀនចប់ហើយ អាចជួយឪពុកម្ដាយក្នុងការរកស៊ី ជួយសម្រួលការងារគាត់ដើម្បីឲ្យគាត់រស់នៅបានស្រួលជាងមុន ហើយបើសិនជាអាចទៅរួច ខ្ញុំចង់ធ្វើឲ្យល្អជាងអ្វី ដែលគាត់បានកសាង ដើម្បីជាការតបស្នងសងគុណគាត់វិញ។យុវតី វិចថូរី បានប្រាប់ពីការគ្រប់គ្រងពេលវេលា ក្នុងការសិក្សា និងពេលវេលា ដែលអំណោយផល ដល់ការទន្ទេញមេរៀនថា សម្រាប់រូបនាង ការរៀនពេលព្រឹក ផ្ដល់អំណោយផលល្អជាងគេ ពីព្រោះនាងគិតថា ខួរក្បាលរបស់យើងបានសម្រាករយៈពេល ៨ ម៉ោងនៅពេលយប់ហើយ ដូច្នេះនៅពេលដែលយើងក្រោកពីគេងឡើង យើងនឹងមានកម្លាំង និងស្រឡះមុខមាត់ក្នុងការរៀន ប៉ុន្ដែសម្រាប់ពេលយប់វិញ នាងពិបាកក្នុងការទន្ទេញមេរៀនឲ្យចាំ ពីព្រោះវាជាពេលងងុយគេង ហើយម្យ៉ាងនៅពេលយប់ គឺជាពេលជួបជុំគ្រួសារ ដែលពួកគាត់ មកពីបំពេញការងារ។ ចំណែកឯការគ្រប់គ្រងពេលវេលាវិញ នាងបានប្រាប់ឲ្យដឹងថា៖ ពេលខ្ញុំនៅសាលា ខ្ញុំមិនសូវចេះលេងសើចជាមួយគេច្រើនទេ ភាគច្រើនកាលណាគ្រូកំពុងបង្រៀន ខ្ញុំតែងអង្គុយស្ដាប់ ហើយកត់មេរៀន។ ហើយពេលចូលរៀនមុនដំបូងខ្ញុំតស៊ូទាមទារកៅអីខាងមុខ អ៊ីចឹងកាលណាចង់សួរអី សួរគាត់នៅនឹងមុខ អ៊ីចឹងស្រួលគាត់ឆ្លើយ។ ពេលមកពីសាលាវិញ ខ្ញុំមានអារម្មណ៍ថាហត់ អ៊ីចឹងខ្ញុំអង្គុយកម្សាន្ដ អានសៀវភៅ ឬមើលទូរស័ព្ទបន្ដិច ហើយប្រសិនបើអត់រៀនគួរ ខ្ញុំប្រហែលអង្គុយធ្វើអីសប្បាយៗប្រហែលកន្លះម៉ោង ទៅមួយម៉ោងសិន មុនពេលចាប់ផ្ដើមរៀន ហើយនៅពេលខ្ញុំរៀន ខ្ញុំចូលចិត្ដស្ដាប់បទចម្រៀងឲ្យរាងសប្បាយចិត្ដពីព្រោះខ្ញុំគិតថា ការរៀនសូត្រត្រូវតែសប្បាយ បានរៀនចូល។ បើសិនរៀន ហើយធុញទ្រាន់ ធ្វើម៉េចក៏រៀនមិនចាំដែរ។វិចថូរី មាននិស្ស័យជាមនុស្សចូលចិត្ដអានសៀវភៅ ដូច្នេះនៅពេលលោកប៉ារបស់នាង ទៅក្រៅប្រទេសម្ដងៗ នាងតែងសុំឲ្យលោកប៉ាទិញសៀវភៅឲ្យនាង។ នាងថា៖ ខ្ញុំចូលចិត្ដអានសៀវភៅមែនទែន ប្រសិនបើមានអ្នកណាទៅស្រុកក្រៅហើយគេសួរថាចង់បានអី ខ្ញុំចង់បានសៀវភៅ។ នាងមានទម្លាប់អានសៀវភៅនេះ ដោយសារតាំងពីតូច លោកតារបស់នាងសុំឲ្យនាងអានសៀវភៅឲ្យគាត់ស្ដាប់រាល់យប់ ដែលបានធ្វើឲ្យនាងប្រែក្លាយជាក្មេងស្រីម្នាក់ ដែលស្រឡាញ់ការអានសៀវភៅ។ ម្យ៉ាងទៀត វិចថូរី ចូលចិត្ដ មើលភាពយន្ដគំនូរជីវចលជាភាសាជប៉ុន ដែលចំណង់ចំណូលចិត្ដនេះ បានធ្វើឲ្យនាងអាចនិយាយ និងស្ដាប់ភាសាជប៉ុនបានតាំងពីតូច។វិចថូរីបានចែករំលែកវិធីសាស្ដ្រក្នុងការៀនឲ្យឆាប់ចេះចាំថាសិស្សានុសិស្សត្រូវសម្រួលអារម្មណ៍ឲ្យសប្បាយចិត្ដនៅពេលដែលរៀន ពីព្រោះពេលដែលយើងរៀនយើងមិនអាចរៀនបានចេះ នៅពេលដែលយើងអត់សប្បាយចិត្ដ ឬមួរម៉ៅនោះទេ។ ហើយប្រសិនបើយើងធុញក្នុងការរៀន យើងត្រូវឈប់សម្រាកឲ្យបានស្រួល និងសប្បាយជាមុនសិន ដើម្បីកម្ចាត់ចោលនូវអារម្មណ៍ធុញនោះ ប៉ុន្ដែកុំឈប់យូរពេកពីព្រោះវាអាចធ្វើឲ្យយើងមានអារម្មណ៍ថា ខ្ជិលទៅវិញទេ។ម្យ៉ាងទៀត ត្រូវចេះគ្រប់គ្រងពេលវេលាដែលអំណោយផលដល់ការរៀនសូត្រ និងត្រូវស្វែងរកដៃគូប្រកួតប្រជែង ពីព្រោះកាលណាយើងមានការប្រកួតប្រជែង យើងនឹងបន្ដការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកឈ្នះគូប្រជែងរបស់យើង ហើយប្រសិនបើគូប្រជែងរបស់យើង មានសមត្ថភាពប្រហាក់ប្រហែលយើង នោះវារឹតតែប្រសើរថែមទៀត ពីព្រោះទាំងគេ ទាំងយើងបានខិតខំរៀនសូត្រទន្ទឹមនឹងគ្នា ដើម្បីរីកចម្រើនទាំងអស់គ្នា។ លើសពីនេះទៅទៀត យើងគួរតែគិតគូរ ដល់អ្នកដែលបានឧបត្ថម្ភយើងឲ្យបានរៀនសូត្រ ព្រមទាំងដឹងគុណពួកគាត់និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីជាការតបស្នងសងគុណដល់គាត់។សម្រាប់អ្នកមានគុណ យុវតីរូបនេះបានឲ្យតម្លៃខ្ពស់ចំពោះការព្យាយាមអត់ធ្មត់របស់ឪពុកម្ដាយ ពីព្រោះមួយថ្ងៃៗពួកគាត់ទៅប្រកបអាជីវកម្មតាំងពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៨ យប់ ហើយពួកគាត់ទាំងពីរនាក់នៅពេលដែលទៅលក់ដូរ ពួកគាត់ត្រូវ ដើរ និងឈររហូត ពុំសូវបានអង្គុយសម្រាកឡើយ ដូច្នេះពួកគាត់មានការនឿយហត់ខ្លាំងណាស់។ពួកគាត់ខិតខំតស៊ូព្យាយាមដើម្បីគ្រួសារ និងកូនៗបែបនេះរាល់ថ្ងៃស្ទើរតែរកពេលសម្រាកមិនបាន ប្រសិនបើឈប់គឺឈប់តែមួយថ្ងៃ ឬពីរថ្ងៃក្នុងមួយឆ្នាំប៉ុណ្ណោះ ពោលគឺថ្ងៃបុណ្យភ្ជុំ និងចូលឆ្នាំ។ នាងបន្ថែមថា៖ ពួកគាត់ខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីរកលុយបង់ថ្លៃសាលា ជាពិសេសសាលាល្អៗដូចជា សាលា Zaman ដែលជាសាលាល្បីឈ្មោះថែមទៀត ហើយពួកគាត់បានរកគ្រូល្អៗមកបង្រៀនបន្ថែមទៀតនៅផ្ទះ ព្រមទាំងចំណាយលុយសម្រាប់គ្រូ ហើយផ្ដល់ជាសម្ភារៈរៀនសូត្រគ្រប់យ៉ាង និងជួយជំរុញលើកទឹកចិត្ដឲ្យខំសិក្សារហូត អ៊ីចឹងខ្ញុំកោតស្ញប់ស្ញែងចំពោះគាត់ត្រង់ការអត់ធ្មត់នេះ ហើយជាពិសេសខ្ញុំជាកូន ពេលខ្លះក៏ធ្លាប់មានពាក្យសម្ដីមិនសូវពីរោះដាក់គាត់ដែរពេលដែលគាត់មកពីធ្វើការវិញ គាត់ហត់នឿយ ដែលធ្វើឲ្យគាត់មិនសប្បាយចិត្ដ ប៉ុន្ដែធ្វើម៉េចពួកគាត់ក៏នៅតែស្រឡាញ់ នៅតែធ្វើអ្វីគ្រប់យ៉ាងដើម្បីកូន។ ដូច្នេះដើម្បីតបស្នងសងគុណដល់ពួកគាត់ យុវតីរូបនេះបានប្ដាជ្ញារៀនឲ្យបានលេខមួយដើម្បីឲ្យពួកគាត់សប្បាយចិត្ដ និងមានកិត្តិយសដោយសារកូន ហើយម្យ៉ាងនៅពេលរៀនចប់ហើយ នាងប្រាថ្នាចង់ជួយសម្រួលការងាររបស់គាត់ទិញអ្វីៗ ដែលគាត់ចូលចិត្ដជូនគាត់ ហើយនៅពេលដែលគាត់ចាស់ជរាទៅ នាងនឹងមើលថែរក្សាពួកគាត់ឲ្យបានល្អ៕

Read 458 times